ព័ត៌មានសន្តិសុខសង្គម

នារីស្រស់សោភាម្នាក់ គិតខ្លីយកខ្សែកាបូបចងកសម្លាប់ខ្លួនក្នុងបន្ទប់ ក្រោយឈ្លោះគ្នាទាញកាំបិតដេញកាប់ប្តីផ្អើលអ្នកជិតខាង

រាជធានីភ្នំពេញ នារីស្រស់សោភាម្នាក់ មានវិបត្តិផ្លូវចិត្ត បានគិតខ្លីជ្រើសយកផ្លូវបញ្ចប់ជីវិត ដោយចងកស្លាប់ជាប់នឹងចង្រឹងបង្អួចបន្ទប់ជួល យ៉ាងអាណោចអាធ័ម ទុកឲ្យសាច់ញាតិទ្រហ៊ោយំនឹកស្តាយស្រណោះ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥៥នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ចំណុចបន្ទប់ជួលលេខ១០ ទីតាំងដីឡូតិ៍លេខ៩៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិអណ្ដូង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ បានយកខ្សែកាបូប ចងកសម្លាប់ខ្លួន

របាយការណ៍បានឲ្យដឹងទៀតថា តាមការបំភ្លឺពីឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជាប្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ខ្លួននិងប្រពន្ធបានរស់នៅជាមួយគ្នារយៈពេលជាង៣ឆ្នាំមកហើយ តែមិនបានរៀបការទេ, ហើយកន្លងមកប្រពន្ធរបស់គាត់ធ្លាប់ប្រើប្រាស់សារធាតុញៀន និងមួយរយៈនេះប្រពន្ធខ្ញុំមានអាការៈពិបាកដេក ដោយបានប្រើប្រាស់ថ្នាំងងុយដេកអស់ជាច្រើន។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ពេលភ្ញាក់ពីដេក ប្ដីប្រពន្ធគាត់បានឈ្លោះប្រកែកគ្នាហើយប្រពន្ធគាត់បានយកកាំបិតដេញកាប់គាត់ ទើបគាត់បានរត់ចេញទៅស្នាក់នៅផ្ទះបងប្អូន និងមិនបានទំនាក់ទំនងមកប្រពន្ធវិញទេ។ លុះនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គាត់ជាប្តីបានមកគោះទ្វារហៅប្រពន្ធតែមិនមានសម្លេងតបដាក់គន្លឹះពីខាងក្នុង ទើបគាត់បានប្រាប់ម្ចាស់ផ្ទះ និងបានគាស់បើកបង្អួចស្រាប់តែឃើញប្រពន្ធគាត់ ចង ជាប់នឹងចំរឹងដែកបង្អួចស្លាប់បាត់ទៅហើយ។

ដោយឡែក យោងតាមការបំភ្លឺពីឈ្មោះ ញ៉ែម ខាត់ណា ភេទស្រី អាយុ៦២ឆ្នាំ ជាម្ចាស់ផ្ទះបានឲ្យដឹងថា ប្ដីប្រពន្ធជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅរយៈពេលជាងកន្លះឆ្នាំមកហើយ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ប្ដីប្រពន្ធជនរងគ្រោះបានឈ្លោះទាស់ទែងគ្នា ហើយប្រពន្ធជនរងគ្រោះបានយកកាំបិតដេញកាប់ប្ដី ទើបប្ដីជនរងគ្រោះបានរត់ចេញទៅបាត់។ នៅវេលាម៉ោងប្រហែល១០និង៥៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ប្ដីជនរងគ្រោះបានមកគោះទ្វារហៅប្រពន្ធតែគ្មានសម្លេងតប ទើបបានគាស់បង្ហើបបង្អួចឃើញជនរងគ្រោះ ចង ជាប់នឹងចំរឹងដែកបង្អួចស្លាប់បាត់ទៅហើយ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា តាមការពិនិត្យបន្ទប់កើតហេតុ មានទ្វារចេញចូល១ នៅពីខាងមុខដាក់គន្លឹះពីក្នុងជាប់, នៅក្នុងបន្ទប់មានម៉ូតូ១គ្រឿងម៉ាកNEXពាក់ស្លាកលេខភ្នំពេញ 1KH-3327 មានស្នាមបែកកុងទ័រម៉ូតូ, បែកស្តុបខាងក្រោយ, វៀចស្លាកលេខ។ នៅជាប់នឹងចម្រឹងដែកបង្អួច ប្រឡោះគ្រែមានសាកសពមនុស្សស្រីម្នាក់ចង ដោយចំណងខ្សែកាបូប, គ្រែនៅជាប់សាកសពមានកម្ពស់៤៧ស. ដោយសពពាក់អាវដៃវែង ស្លៀកខោជើងវែង មានសភាពរឹង, មានហូរទឹកមាត់ប្រឡាក់ចង្ការដល់ផ្ទៃអាវខាងមុខ មានស្នាមជាំទ្រុឌនៅ ចាប់ពីក្រោយស្លឹកត្រចៀកស្ដាំចុះក្រោមព័ទ្ធមកមុខដល់ក្រោយស្លឹកត្រចៀកឆ្វេង១កន្លែង។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយចង (អត្តឃាត) និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី

Leave a Reply

Your email address will not be published.